មន្ទីរពត៌មានខេត្តតាកែវ បើកផ្លូវការយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ ដោយផ្ដោតទៅលើយុវជន
ថ្ងៃចេញផ្សាយ ៖ 13/06/2026 07:01:39
ដោយ ៖ apntk | ចំនួនអ្នកចូលមើល ៖ 21.4K

តាកែវ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ព័ត៌មានបានអំពាវនាវដល់សិស្សានុ សិស្ស និងសាធារណជនថា ប្រសិនបើជួបព័ត៌មានមិនពិត សូមកុំចែកចាយបន្ត ហើយត្រូវជួយណែនាំអ្នកជុំវិញខ្លួនឱ្យប្រុងប្រយ័ត្នពីល្បិចបោកប្រាស់នេះ។ បើឃើញព័ត៌មានក្លែងក្លាយ ត្រូវរួមគ្នាកាត់ផ្ដាច់ ដោយបញ្ឈប់ការចែកចាយត្រឹមដៃយើង ។
ការអំពាវនាវនេះធ្វើឡើងក្នុងពិធីផ្សព្វផ្សាយការអនុវត្តនូវ«យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ»ជំហ៊ានទី២ នៅវិទ្យាល័យជា ស៊ីម តាកែវ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដែលមានការចូលរួមពី ឯកឧត្តមគឹម ហុង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មានទទួលបន្ទុការងារមន្ទីរព័ត៌មានខេត្តតាកែវ លោក ម៉ម កាយ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមទាំងលោក-លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត លោកអភិបាល ក្រុងដូនកែវ កងកម្លាំងមានសមត្ថកិច្ចទាំង៣ប្រភេទ លោក-លោកស្រីចៅសង្កាត់ទាំង៣ លោកគ្រូ-អ្នកគ្រូ យុវជនកាយរឹទ្ធិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជន ស.ស.យ.ក. និងប្អូនៗសិស្សានុសិស្សសរុបប្រមាណជា ២,០០០នាក់។

ឯកឧត្តម ទេព អស្នារិទ្ធ បានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយ គឺជាអាវុធលាក់មុខដែលអាចបំផ្លាញទំនុកចិត្ត សណ្តាប់ធ្នាប់សង្គម និងកិត្តិយសបុគ្គលបានយ៉ាងងាយ។ ដូច្នេះ ប្អូនៗយុវជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មុននឹងជឿ ឬចែករំលែក (Share) ព័ត៌មានណាមួយ សូមអនុវត្តតាមគោលការណ៍ “អង្កេតមុនជឿ” “ពិចារណាមុនចែករំលែក” ដោយត្រូវផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ពីស្ថាប័នផ្លូវការ ដើម្បីរួមគ្នាបង្កើតសង្គមឌីជីថលមួយដែលមានសុវត្ថិភាព និងទំនុកចិត្ត។

ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានណែនាំដល់យុវវ័យ ត្រូវប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន (Facebook, TikTok, Telegram) ដើម្បីចែករំលែកចំណេះដឹង ការអប់រំ និងវប្បធម៌ល្អៗ ជំនួសឱ្យការចែកចាយព័ត៌មានដែលបង្កការរើសអើង ឬការស្អប់ខ្ពើម ។
ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យ ក៏បានលើកទឹកចិត្តដល់យុវសិស្សត្រូវ ចាត់ទុកឧបករណ៍បច្ចេកវិទ្យាដូចជាស្មាតហ្វូន ជា «កញ្ចក់ឆ្លុះការពិត» និងជា «ខែលសុវត្ថិភាព» ដើម្បីការពារសណ្តាប់ធ្នាប់ និងស្ថិរភាពសង្គមជាតិ ព្រោះថា សុវត្ថិភាពព័ត៌មានក្នុងសហគមន៍ គឺត្រូវចាប់ផ្តើមចេញពីសិស្សម្នាក់ៗ និងពលរដ្ឋគ្រប់រូប។
លោក ម៉ម កាយ អភិបាលរងខេត្តតាកែវ រួមទាំងលោក-លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ យុវជនកាយរឹទ្ធិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជន ស.ស.យ.ក និងសិស្សានុសិស្ស បានគាំទ្រចំពោះ«យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» របស់ក្រសួងព័ត៌មាន ដោយសហការយ៉ាងសកម្មនិងប្តេជ្ញាលុបបំបាត់ព័ត៌មានក្លែងក្លាយតាមរយៈការពង្រឹងស្មារតីត្រិះរិះពិចារណា និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុននឹងជឿ ឬចែករំលែក ដើម្បីជៀសវាងហានិភ័យ និងផលវិបាកនានា ដែលបង្កឡើងដោយការផ្សព្វផ្សាយភូតកុហកនៅលើបណ្តាញសង្គម។
យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែនប៊ុន រ៉ានីវត្តភ្នំក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ យុទ្ធនាការជំហានទី២នេះ បាន និងកំពុងធ្វើដំណើរទៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តតាកែវ និងបន្តទៅខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦នេះ៕

ព័ត៌មានផ្សេងៗ
សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ៤៩ គ្រួសារ នៅក្នុងស្រុកសំរោង
17/06/2026 01:37:02 apntk
អភិបាលក្រុងដូនកែវឆ្លើយតបនឹងទុក្ខកង្វល់របស់ពលរដ្ឋ។
15/06/2026 04:37:22 apntk
សាកលវិទ្យាល័យបៀលប្រាយ : ការឡើងធ្វើបទបង្ហាញពី គម្រោងរៀបចំសាច់រឿង សម្រាប់ជំនាញ រចនាប្រព័ន្ធផ្សព្វផ្សាយឌីជីថល មានសារៈប្រយោជន៍សំខាន់ៗដូចខាងក្រោម៖
14/06/2026 07:59:31 apntk
មន្ទីរពត៌មានខេត្តតាកែវ បើកផ្លូវការយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ ដោយផ្ដោតទៅលើយុវជន
13/06/2026 07:01:39 apntk
រដ្ឋបាលរដ្ឋបាលស្រុកកោះអណ្ដែត ត្រៀមបំពាក់កាមេរ៉ាសុវត្ថិភាពតាមដងផ្លូវលេខ១២៩អឺ ដើម្បីពង្រឹងសន្តិសុខមូលដ្ឋាន
11/06/2026 08:39:49 apntk
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft