អភិបាលស្រុកទ្រាំងចុះដោះស្រាយបញ្ហាភាស៊ីលើសសៀវភៅបន្ទុកនៅផ្សារល្វេរទាន់ពេលវេលា បង្ហាញពីស្មារតីទទួលខុសត្រូវ និងជាគំរូដឹកនាំល្អក្នុងមូលដ្ឋាន
ថ្ងៃចេញផ្សាយ ៖ 19/09/2026 04:44:52
ដោយ ៖ apntk | ចំនួនអ្នកចូលមើល ៖ 21.4K

អភិបាលស្រុកទ្រាំងចុះដោះស្រាយបញ្ហាភាស៊ីលើសសៀវភៅបន្ទុកនៅផ្សារល្វេរទាន់ពេលវេលា បង្ហាញពីស្មារតីទទួលខុសត្រូវ និងជាគំរូដឹកនាំល្អក្នុងមូលដ្ឋាន

ខេត្តតាកែវ៖ ឆ្លើយតបទៅនឹងកង្វល់ និងការរាយការណ៍របស់ប្រជាពលរដ្ឋភ្លាមៗ ពាក់ព័ន្ធនឹងករណីអាជីវករលក់ដូរនៅផ្សារល្វេរត្រូវបានប្រមូលភាស៊ីលើសសៀវភៅបន្ទុកដែលច្បាប់បានកំណត់ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ លោក អ៊ុំ ចំរើន អភិបាលនៃគណៈអភិបាលស្រុកទ្រាំង រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពផ្ទាល់ដល់ទីតាំងផ្សារល្វេរ ទាំងព្រឹកព្រលឹមនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។

ការចុះពិនិត្យដោយផ្ទាល់នាព្រឹកនេះ មិនមែនជាការអញ្ជើញទៅទិញម្ហូបអាហារ ឬត្រីសាច់នោះឡើយ ប៉ុន្តែជាបេសកកម្មស្រាវជ្រាវ និងផ្ទៀងផ្ទាត់ការពិតជុំវិញការប្រមូលភាស៊ីពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករ។ ក្រោយពីបានសាកសួរ និងពិនិត្យជាក់ស្តែងនៅនឹងកន្លែង លោកអភិបាលស្រុក និងក្រុមការងារ បានរកឃើញថា ការយកភាស៊ីលើសសៀវភៅបន្ទុកនេះពិតជាបានកើតឡើងដូចការលើកឡើងរបស់ប្រជាពលរដ្ឋប្រាកដមែន។

ចំពោះមុខអាជីវករ និងអ្នកដេញថ្លៃភាស៊ី លោក អ៊ុំ ចំរើន បានណែនាំ និងបញ្ជាឱ្យបញ្ឈប់សកម្មភាពប្រមូលភាស៊ីខុសច្បាប់នេះជាបន្ទាន់ ដោយហេតុថាជាទង្វើផ្ទុយពីបទដ្ឋានគតិយុត្ត និងសៀវភៅបន្ទុកដែលរដ្ឋបានកំណត់។ លោកអភិបាលស្រុកបានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា «អាជ្ញាធរមិនលើកលែងជាដាច់ខាតចំពោះទង្វើទាំងឡាយណាដែលអនុវត្តផ្ទុយពីគោលការណ៍ និងសៀវភៅបន្ទុកកំណត់»។

ជាមួយគ្នានេះដែរ លោកអភិបាលស្រុកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ និងអាជីវករ ដែលបានសហការរាយការណ៍ព័ត៌មានពិតប្រាកដមកកាន់អាជ្ញាធរ ដើម្បីរួមគ្នាលុបបំបាត់ និងដោះស្រាយបញ្ហាអសកម្មនានានៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។

សកម្មភាពលះបង់កម្លាំងកាយ ចិត្ត និងពេលវេលាដ៏មានតម្លៃរបស់លោកអភិបាលស្រុកទ្រាំង ក្នុងការចុះដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋដោយផ្ទាល់ និងរហ័សទាន់ចិត្តបែបនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីឆន្ទៈដ៏មោះមុត ស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ស្មោះស្ម័គ្រចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ទង្វើប្រកបដោយព្រហ្មវិហារធម៌នេះ បានស្តែងចេញនូវលក្ខណៈសម្បត្តិជាគំរូដឹកនាំល្អដ៏ប្រពៃ ដែលមន្ត្រីរាជការនៅក្នុងមូលដ្ឋានគួរយកតម្រាប់តាម ដើម្បីបំរើជាតិ និងប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕

ព័ត៌មានផ្សេងៗ
រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
05/10/2026 14:52:05 apntk
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
05/10/2026 14:11:25 apntk
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
05/10/2026 02:40:49 apntk
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
30/09/2026 07:42:49 apntk
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
29/09/2026 11:58:50 apntk
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft