ក្រុមឧទ្ទាមចង់បំបែករដ្ឋនៅភាគខាងត្បូងប្រទេសថៃ ប្តេជ្ញាបន្តប្រយុទ្ធតស៊ូរហូតដល់ទីបញ្ចប់
ថ្ងៃចេញផ្សាយ ៖ 18/09/2026 11:08:05
ដោយ ៖ apntk | ចំនួនអ្នកចូលមើល ៖ 21.4K

ក្រុមឧទ្ទាមចង់បំបែករដ្ឋនៅភាគខាងត្បូងប្រទេសថៃ ប្តេជ្ញាបន្តប្រយុទ្ធតស៊ូរហូតដល់ទីបញ្ចប់

(គូឡាឡាំពួ)៖​ ក្រោយជម្លោះបះបោរ ដែលបានអូសបន្លាយអស់រយៈពេលជាងពីរទសវត្សរ៍ និងបានសម្លាប់មនុស្សរាប់ពាន់នាក់ នៅភាគខាងត្បូងប្រទេសថៃ ថ្នាក់ដឹកនាំក្រុមបំបែកខ្លួនម៉ាឡេ-មូស្លីមដែលធំជាងគេ បានប្តេជ្ញានៅក្នុងសប្តាហ៍នេះថា នឹងបន្តការប្រយុទ្ធតស៊ូរហូតទាល់តែសម្រេចបានគោលដៅរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦

លោក Nikmatullah Seri អ្នកនាំពាក្យគណៈប្រតិភូចរចាសន្តិភាពរបស់ក្រុម Barisan Revolusi Nasional (BRN) បានប្រាប់ AFP ក្នុងបទសម្ភាសដ៏កម្រមួយយ៉ាងដូច្នេះថា «ការតស៊ូនេះនឹងបន្តរហូតទាល់តែដល់ទីបញ្ចប់។ ដរាបណាគោលដៅរបស់ពួកយើង នៅមិនទាន់សម្រេចបាន យើងនឹងបន្តប្រយុទ្ធតស៊ូ»។

សមាជិកសកម្មប្រយុទ្ធរបស់ BRN បានប្រយុទ្ធតស៊ូដើម្បីបង្កើតរដ្ឋអ៉ីស្លាមឯករាជ្យមួយ នៅតំបន់ភាគខាងត្បូងប្រទេសថៃ ដែលមានប្រជាជនភាគច្រើនជាជនមូស្លីម ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០មកម្ល៉េះ ប៉ុន្តែអំពើហិង្សាជុំចុងក្រោយបង្អស់បច្ចុប្បន្ន បានចាប់ផ្តើមនៅឆ្នាំ២០០៤។ រដ្ឋាភិបាលទីក្រុងបាងកក បានចរចាជាមួយ BRN ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ២០១៣ ហើយកិច្ចចរចាកម្រិតខ្ពស់ចុងក្រោយបំផុត បានធ្វើឡើងកាលពីខែធ្នូ។ ប៉ុន្តែដំណើរការចរចាគ្នានេះ បានជាប់គាំងជាបន្តបន្ទាប់ ហើយទីក្រុងបាងកក បានផ្អាកកិច្ចសន្ទនាតែម្តងកាលពីខែកក្កដា បន្ទាប់ពីការវាយប្រហារមួយ បានសម្លាប់ទាហានថៃ៥នាក់។

លោក Nikmatullah បាននិយាយចេញពីសណ្ឋាគារមួយក្នុងទីក្រុងគូឡាឡាំពួថា «គោលដៅនៅតែដដែល គឺការទាមទារឯករាជ្យ»។ តំបន់ភាគខាងត្បូងនេះ ធ្លាប់ជាផ្នែកមួយនៃអតីតរដ្ឋស៊ុលតង់ម៉ាឡេ-មូស្លីម ហៅថា Patani ប៉ុន្តែត្រូវបានកាត់បញ្ចូលជាផ្នែកនៃប្រទេសថៃ ដែលកាលនោះហៅថាសៀម និងមានប្រជាជនភាគច្រើនជាពុទ្ធសាសនិក នៅដើមទសវត្សរ៍ឆ្នាំ១៩០០។

យោងតាមក្រុមឃ្លាំមើល Deep South Watch ចាប់តាំងពីឆ្នាំ២០០៤មក មនុស្សជាង ៧០០០នាក់ រួមមានទាំងក្រុមសកម្មប្រយុទ្ធ កងកម្លាំងសន្តិសុខថៃ និងជនស៊ីវិល ត្រូវបានសម្លាប់។ លោក Nikmatullah មិនបានទទួលស្គាល់ ឬបដិសេធការទទួលខុសត្រូវ របស់ BRN សម្រាប់ការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះទេ ប៉ុន្តែលោកបាននិយាយដូច្នេះថា «វាជាកម្លាំងជំរុញ នៅពីក្រោយការតស៊ូ»។

គួរបញ្ជាក់ថា កាលពីខែសីហា ការវាយប្រហារស្របពេលគ្នារាប់សិបកន្លែង នាវេលាយប់នៅទូទាំងបណ្តាខេត្តភាគខាងត្បូងប្រទេសថៃ បានបណ្តាលឱ្យមនុស្សប៉ុន្មាននាក់រងរបួស និងបំផ្លាញបំផ្លាញទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងអាជីវកម្មឯកជន។ រីឯកាលពីខែកក្កដា ទាហានថៃ៥នាក់ បានស្លាប់ក្នុងការវាយប្រហារដោយបាញ់រះនិងគ្រាប់បែក នៅប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែង ដែលបណ្តាលឱ្យជនស៊ីវិល ៦នាក់ផ្សេងទៀតរងរបួស៕

ព័ត៌មានផ្សេងៗ
រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
05/10/2026 14:52:05 apntk
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
05/10/2026 14:11:25 apntk
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
05/10/2026 02:40:49 apntk
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
30/09/2026 07:42:49 apntk
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
29/09/2026 11:58:50 apntk
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 210
ម្សិលម៊ិញ 1.47K
សប្តាហ៍នេះ 13.99K
សរុប៣ខែ 76.23K
សរុបទាំងអស់ 53419.23K

© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft