ផ្ទុះការរិះគន់ផ្អើលបណ្តាញសង្គម ! រឿង កម្លាំងនគរបាលស្រុកចុងកាល ផឹកស៊ីស្រវឹងទាស់ទែងគ្នា រហូតឈានដល់ការប្រើអំពើហិង្សាក្នុងអធិការដ្ឋាន
ខេត្តឧត្តរមានជ័យ៖ មហាជននៅលើបណ្តាញសង្គមបានសម្តែងការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីមានការលេចធ្លាយវីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាពក្រុមកងកម្លាំងនគរបាលមួយក្រុម ជួបជុំគ្នាផឹកស៊ីរហូតស្រវឹងជោគជាំ និងបានបង្កជម្លោះវាយតប់គ្នាយ៉ាងអនាធិបតេយ្យ នៅក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុកចុងកាល បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្តាលអាធ្រាត្រ។
យោងតាមវីដេអូឃ្លីបខ្លីមានប្រវែងប្រមាណ ៣០វិនាទី ដែលអង្គភាពសារព័ត៌មានយើងទទួលបាននៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នេះ បានបង្ហាញឱ្យឃើញពីសកម្មភាពបុគ្គលមួយក្រុម ដែលសុទ្ធសឹងជាមន្ត្រីនគរបាលជាតិ។ ក្នុងនោះដែរ ផ្អែកតាមប្រភពព័ត៌មានខ្លះបានខ្សឹបប្រាប់ថា ក្នុងចំណោមអ្នកទាំងនោះ ក៏មានមន្ត្រីមានឋានៈជាអធិការរងស្រុកផងដែរ។ ប៉ុន្តែផ្ទុយទៅវិញ ពួកគាត់បែរជានាំគ្នាជួបជុំសេពគ្រឿងស្រវឹងនៅក្នុងបរិវេណអង្គភាពការងាររហូតដល់យប់ជ្រៅ ហើយក៏បានទាស់ទែងខ្វែងគំនិតគ្នា រហូតឈានដល់ការប្រើហិង្សាដាក់គ្នាទៅវិញទៅមកទាំងកណ្តាលអាធ្រាត្រតែម្តង។ រូបភាពអសកម្មទាំងនេះ បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានទូទៅ ដោយសារតែទង្វើរបស់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកចុងកាលទាំងនោះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើវិន័យរបស់កងកម្លាំងនគរបាលជាតិ ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គភាពទាំងមូល។
ជុំវិញករណីរសើបខាងលើនេះ អង្គភាពសារព័ត៌មានយើងបានព្យាយាមសុំការបំភ្លឺបន្ថែមពី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ តាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) នៅព្រឹកថ្ងៃដដែលនេះ។ ជាការឆ្លើយតប លោកស្នងការបានបញ្ជាក់យ៉ាងខ្លីថា ពាក់ព័ន្ធនឹងព័ត៌មាននៃការលេចធ្លាយវីដេអូនេះ លោកបានទទួលជ្រាបហើយ ចំណែកឯចំណាត់ការបន្ត លោកកំពុងចាត់តាំងមន្ត្រីជំនាញឱ្យចុះទៅស្រាវជ្រាវ និងពិនិត្យលើករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីមានវិធានការទៅតាមផ្លូវច្បាប់ និងវិន័យកងកម្លាំង៕

រដ្ឋបាលស្រុកទ្រាំង ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅវត្តស្វាយអណ្ដែត (វត្តក្រាំងកណ្ដាល) ឃុំប្រាំបីមុំ
អភិបាលក្រុងដូនកែវ និងការិយាល័យផលិតកម្ម និងបសុព្យាបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្រុងដូនកែវ ខេត្តតាកែវ
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ដឹកនាំកម្លាំងនគរបាលខេត្តតាកែវ ចូលរួមពិធីកាន់បិណ្ឌទី៨ នៅវត្តមង្គលមានលក្ខណ៍ ស្រុកត្រាំកក់
អាជ្ញាធរក្រុងដូនកែវ ចុះផ្អាក និងបញ្ជាឱ្យរុះរើសំណង់របងថ្មខុសច្បាប់មួយកន្លែង ក្រោយរកឃើញថាសង់រំលោភលើដីសាធារណៈរបស់រដ្ឋ
ស្នងការនគរបាលខេត្តតាកែវ ដឹកនាំកងកម្លាំងចូលរួមកាន់បិណ្ឌវេនទី៣ នៅវត្តចំនួន៣ ដើមី្បលើកស្ទួយព្រះពុទ្ធសាសនា និងឧទ្ទិសកុសលជូនបុព្វការីជន
© 2026 Angkor Post © រក្សាសិទ្ធគ្រប់យ៉ាង
Developed by Luck-Soft